ពលករកម្ពុជាប្រមាណជា ១,២ លាននាក់កំពុងតែបម្រើការនៅប្រទេសថៃ អាចនឹងស្ថិតនៅក្នុងយុត្ថាធិការនៃច្បាប់ពន្ធថ្មីដែលថៃកំពុងតែរៀបចំប្រមូលពន្ធពីជនបរទេសដែលរកចំណូលក្នុងប្រទេសរបស់ពួកគេ
ពលករកម្ពុជាប្រមាណជា ១,២ លាននាក់ដែលកំពុងតែបម្រើការនៅក្នុងប្រទេសថៃ អាចនឹងស្ថិតនៅក្នុងយុត្ថាធិការនៃច្បាប់ពន្ធថ្មីមួយដែលនៅពេលនេះថៃកំពុងតែរៀបចំ នៅក្នុងគោលបំណងប្រមូលពន្ធពីជនបរទេសដែលរកចំណូលក្នុងប្រទេសរបស់ពួកគេ ។
តាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា អគ្គនាយកដ្ឋានចំណូលថៃនៅពេលនេះកំពុងរៀបចំច្បាប់ដើម្បីយកពន្ធលើប្រាក់ចំណូលរបស់បុគ្គលបរទេសដែលរស់នៅក្នុងប្រទេសថៃដែលមានប្រភពមកពីបរទេស។
លោកស្រី កុឡាយ៉ា តានទិលតេមិត្ត ( Kulaya Tantitemit) អគ្គនាយកនៃអគ្គនាយកដ្ឋានចំណូលថៃបាននិយាយថា សេចក្តីព្រាងច្បាប់នេះធ្វើឡើងតាមគោលការណ៍អន្តរជាតិស្របតាមស្តង់ដាប្រាក់ចំណូល ។
លោកស្រីបានបញ្ជាក់ថា គោលការណ៍នេះកំណត់ថា ប្រាក់ចំណូលដែលបុគ្គលរកបាន ដោយមិនគិតពីប្រទេសប្រភពរបស់វា ត្រូវតែបង់ពន្ធដោយប្រទេសដែលបុគ្គលនោះរស់នៅក្នុងរយៈពេលជាក់លាក់មួយ។
តាមអ្វីដែលសារព័ត៌មានបានដកស្រង់ បានឲ្យដឹងថា រាល់ជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសថៃរយៈពេលចាប់ពី១៨០ ឡើងទៅ គឺត្រូវតែបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន លើប្រាក់ចំណូលដែលរកបាននៅក្រៅប្រទេស ដោយមិនគិតពីថាតើប្រាក់ចំណូលនោះត្រូវបាននាំចូលទៅក្នុងប្រទេសថៃនោះទេ។
លោកស្រី កុឡាយ៉ា បាននិយាយថា វិសោធនកម្មដែលបានស្នើឡើងនឹងកំណត់ជាពិសេសទៅលើពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ហើយនឹងមិនរួមបញ្ចូលពន្ធលើប្រាក់ចំណូលសាជីវកម្ម ឬប្រាក់ចំណូលពីមូលនិធិទៅវិញទៅមកដែលវិនិយោគនៅបរទេស លើកលែងតែមូលនិធិឯកជន។
ផ្អែកលើគម្រោងការនេះ ពលករកម្ពុជាដែលបានកំពុងតែធ្វើការនៅក្នុងប្រទេសថៃអាចនឹងជាប់កាតព្វកិច្ចពន្ធ ខណៈដែលគេដឹងថា មកដល់ពេលនេះនៅក្នុងចំណោមពលករបរទេសប្រមាណជា ១,៥ លាននាក់ ពលករកម្ពុជាភាគច្រើនបំផុតពោលគឺប្រមាណជា ១,២ លាននាក់ទៅហើយដែលកំពុងតែបម្រើការ នៅក្នុងប្រទេសថៃ។
ក្រៅពីប្រទេសថៃគឺមានកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន ហើយក៏អាចមានមួយចំនួននៅមជ្ឈឹមបូព៌ា ជាដើម ៕
Post a Comment