កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីវិធាន និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

 


(បន្ទាយមានជ័យ) មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីវិធាន និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ធ្វើនៅសាលប្រជុំសាលាខេត្ត ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។


ក្នុងកិច្ចប្រជុំនោះលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានឡើងធ្វើបទបង្ហាញស្តីពី ការប្រកាសលេខ ០០២ សហវ .ប្រក ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ ស្តីពីលើវិធានការ និងនិតិវិធីលម្អិតនៃការ ជម្រះបញ្ជីទ្រព្យសមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ 


លោក ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបន្តទៀតថា៖ ការជម្រះបញ្ជីរបស់ទ្រព្យសម្បត្តិរដ្ឋ សំដៅ ដល់ការដក ចេញពីបញ្ជីសារពើភណ្ឌនូវឈ្មោះ និងចំនួនព្រមទាំងតម្លៃទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដែលបានបំពេញតាមនិតិវីធីជាធរមានរួចរាល់។គ្រប់ ក្រសួង ស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងនិតិបុគ្គលសាធារណះ ត្រូវរៀបចំគំរោងជម្រះបញ្ជីប្រចាំឆ្នាំ នូវទ្រព្យសម្បត្តិរដ្ឋទាំងឡាយណា ដែលជាកម្មវត្ថុនៃការសុំស្នើរសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋហើយត្រូវបានអនុញ្ញាតឲ្យជម្រះបានតែ១ដងគត់ក្នុង១ឆ្នាំ។


លោក បឹង គឹមសឹង បានបញ្ជាក់ឲ្យដឹងបន្តទៀតថាទ្រព្យសម្បត្តិរដ្ឋដែលអនុញ្ញាតឲ្យជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យរបស់ទ្រព្យសម្បត្តិរដ្ឋ បានលុះត្រាតែទ្រព្យសម្បត្តិរដ្ឋនោះត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រួចរាល់តាមនិតិវីធីជាធរមាននិងមានក្នុងគំរោងជម្រះបញ្ជីប្រចាំឆ្នាំ ដែលទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាអ្នកសម្រេចលើសំណើរសុំជម្រះបញ្ជីទ្រព្យសម្បត្តិរបស់ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។


អាជ្ញាធរកាន់កាប់មានសិទ្ធិសម្រេចលើការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋក្នុងនោះមាន សង្ហារឹម រួមមាន តុ ទូ គ្រឿងអេឡិចត្រូនិច កង្ហា និងកង់ធម្មតា ដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវជម្រះដោយមិនបញ្ចូលនូវគ្រឿងសង្ហារឹមប្រណិតដែលមានតំលៃដើមចាប់ពី៤លានរៀលឡើង។ការជម្រះនិងការលក់ទ្រព្យសម្បត្តិរដ្ឋដែលអាចជម្រះចេញពីបញ្ជីមានដី និងអាគារ បរិក្ខារបច្ចេកទេស និងឧស្សាហកម្ម យានយន្ត និងគ្រឿងចក្រ សម្ភារះនិងសង្ហារឹម និងទ្រព្យសម្បត្តិដទៃទៀត។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ កិច្ចប្រជុំស្តីពីលើវិធានការនិងនិតិវិធីលម្អិតនៃការ ជម្រះបញ្ជីទ្រព្យសមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនេះចង់បង្ហាញលើគំរោងជម្រះបញ្ជីប្រចាំឆ្នាំត្រូវបានបញ្ជាក់លើព័ត៍មាននៃទ្រព្យសម្បត្តិរដ្ឋដូចជា ប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ ស្ថានភាពនៃទ្រព្យសម្បត្តិរដ្ឋ កំណត់តំលៃនៃទ្រព្យសម្បត្តិរដ្ឋ ត្រូវយកតំលៃដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតំលៃប៉ាន់ស្មាន ដោយអង្គភាពប្រើប្រាស់ និង ព័ត៍មានផ្សេងៗទៀតដែលមានលម្អិតក្នុងតារាងឧបស័ម្ពន្ធនៃប្រកាសលេខ ០០២ការ ជម្រះបញ្ជីទ្រព្យសមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបានលុះត្រាណាបង្កើត គណៈកម្មការចម្រុះមួយដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មានសម្ថកិច្ចដើម្បីកំណត់ឲ្យបានច្បាស់លាស់ទើបអាចជម្រះបញ្ជីចេញពីសារពើភណ្ឌបាន៕

Powered by Blogger.