សម្ដេចធិបតីប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស

 ភ្នំពេញ៖នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣នេះ ត្រូវនឹងថ្ងៃបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម»នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤​តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃនេះ​សម្ដេច​ប្រកាស​ដាក់​ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំ​សិក្សា​២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែល​កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និង​នីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុង​ឱកាស​សន្និបាតអប់រំប្រចាំឆ្នាំផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និង​យុទ្ធនាការ​ខាងលើនេះ មានគោលដៅ ធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែល​មាន​ប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និង​សហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ជាពិសេស លើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន នៃ​លទ្ធផល​សិក្សា​របស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែល​ចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖ ទី១ កត្តាសាលារៀន៖ សាលារៀនត្រូវផ្តល់នូវ បរិស្ថាន​អំណោយ​ផល សម្រាប់ការបំពេញការងាររបស់ គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជា​ការ​គ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យ និង​សុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀន, ស្វ័យភាព​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​សិក្សា និងគណនេយ្យភាពរបស់សាលារៀន។ ទី២ កត្តាគ្រូបង្រៀន៖ គ្រូ​បង្រៀន​ត្រូវ​មាន​គុណ​វុឌ្ឍខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, មានវិធីសាស្ត្រ បង្រៀនថ្មី, និងចេះប្រើប្រាស់បច្ចេកវិទ្យា និង​រង្វាយ​តម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀន ក៏ត្រូវខិតខំប្រឹងប្រែង និងមាន​ឥរិយាបថ​ល្អ, ទទួលបាននូវលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ, ទទួលបា​ន​ឱកាស​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ ព្រមទាំងការលើកទឹកចិត្តតាមគ្រប់រូបភាព។ ទី៣ កត្តា​សិស្ស​៖ សិស្សមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មាន​ពេល​វេលា​គ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចស្រេចសម្រាប់ការសិក្សា។ សាលា​រៀន​ទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ, ការផ្ដល់ អាហារូបករណ៍, និងការផ្ដល់អាហារតាមសាលារៀន។ ទី៤ កត្តាគ្រួសារ៖ ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់គ្រួសារ, ការឱ្យតម្លៃលើការរៀនសូត្រ, ការជួយគាំទ ខាងផ្នែកស្មារតី និងសម្ភារៈ ពិតជា​មាន​សារៈសំខាន់សម្រាប់ការអប់រំ។ ទោះជាយ៉ាងណា បញ្ហា ចំណាកស្រុក, កង្វះការថែទាំកុមារ, ស្ថានភាព​អនាម័យ, និងការប្រើប្រាស់ពលកម្មកុមារ ដើម្បី រកប្រាក់ចំណូល បានជះ​ឥទ្ធិពល​អវិជ្ជមាន លើការសិក្សារបស់សិស្ស។

ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួង​អប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេច​បាន​ស្ដង់​ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​ជា​គោល​ការណ៍​រួច​ហើយ ដើម្បីដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង "ពានរង្វាន់ សាលាគំរូ សម្តេច​មហាបវរ​ធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕

Powered by Blogger.