ភ្ញៀវទេសចរជាង១៥ម៉ឺននាក់ចូលរួមទស្សនាបុណ្យអុំទូក២ថ្ងៃ នៅខេត្តបន្ទាយមានជ័យ


 បន្ទាយមានជ័យ៖ យ៉ាងហោចមានភ្ញៀវទេសចរជាង១៥ម៉ឺននាក់បានចូលរួមទស្សនាពិធីបិទការប្រណាំងទូកងថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣។​ពិធីបិទការប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជា ស្នងការកងកម្លាំងគ្រប់កងឯកភាព ប្រតិភូខេត្តស្រះកែវ ប្រទេសថៃ កុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

លោកបន្តថា ការរៀបចំប្រណាំងទូកឆ្នាំនេះមានពុកម៉ែប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិពណ៌ផលិតផលខ្មែរ ការបណ្តែតប្រទីបអង្គភាពរដ្ឋនឆពេលរាត្រីពេលចប់កម្មវិធីប្រណាំងទូក។ ការរៀបចំរយៈពេល២ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិ។ ជាមួយគ្នានោះ លោកក៏បានបានធ្វើការអរគុណដល់ចំណុះទូកទាំងអស់ត្រូវចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែងក្នុងប្រកួតដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

លោកអ្នកតំណាងរាស្ត្រក៏បានអំពាវនាវទៅកាន់ដល់ស្រទាប់ មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក។

គណៈអធិបតីក៍បានប្រគល់ពាន់រង្វានជ័យលាភី ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនដល់គណៈកម្មាការទូកទាំងអស់ទៅតាមចំណាត់ថ្នាក់នីមួយៗគ្រប់ទូកទាំង២៨ ដែលបានចូលរួមប្រកួត និងផ្តល់ថវិកាឧបត្ថម្ភដល់អនុគណៈកម្មាធិការនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវតាមផ្នែកខ្លួនផងដែរ៕







Powered by Blogger.