ក្រុមអ្នកជំនាញបន្តសិក្សាត្រៀមដាក់ត្រីបបែលយក្ខជាត្រីអភិរក្សខណៈ ស្ថាប័នអន្តរជាតិសរសើរកម្ពុជាដែលអាចថែរក្សាពូជត្រីកម្រនេះបាន
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ក្រុមធ្វើកំណត់ត្រាពិភពលោក GUINNESS WORLD RECORDS នឹងប្រគល់វិញ្ញាបនបត្រការបំបែកកំណត់ត្រាពិភពលោកមួយដល់កម្ពុជា សម្រាប់ការថែរក្សាឱ្យមានវត្តមានត្រីទឹកសាបធំជាងគេលើសកលលោកនោះគឺត្រីបបែលយក្ខ។
នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលប្រាប់សារព័ត៌មានត្រយងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះ។
លោកបញ្ជាក់ថា ត្រីបបែលយក្ខទឹកសាបដែលចាប់បានកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានទម្ងន់ប្រមាណ ៣០០គីឡូក្រាម ដែលជាប្រភេទត្រីទឹកសាបធំជាងគេបង្អស់មិនធ្លាប់មានលើពិភពលោក ហើយកំពុងមានវត្តមានរស់នៅក្នុងដែនទឹកទន្លេមេគង្គលើ និងទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។ តែយ៉ាងណាលោកថា វត្តមានត្រីបបែលយក្ខទឹកសាបនេះ ហាក់មានអត្រាធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដែលកត្តានេះជាការព្រួយបារម្ភពីបញ្ហាប្រឈមនៃការផុតពូជ។
លោកបណ្ឌិត ហេង គង់ បន្ថែមទៀតថា ប្រភេទត្រីបបែលយក្ខទឹកសាបនេះក៏មានវត្តមានរស់នៅតាមដងទន្លេតំបន់អាស៊ីនៃប្រទេសថៃ ឡាវ និងឥណ្ឌូនេស៊ីផងដែរ ហើយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) បានចាត់ចំណាត់ថ្នាក់ត្រីប្រភេទនេះចូលក្នុងប្រភេទសត្វកម្រដែលត្រូវអភិរក្សដូចសត្វផ្សោតទឹកសាបដែរ។
ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលរូបនេះបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាស្រាវជ្រាវពីទីតាំងរស់នៅជាក់លាក់របស់ត្រីបបែលយក្ខនេះ និងចំនួនដែលមានពិតប្រាកដ ដើម្បីឈានទៅស្នើដល់រដ្ឋាភិបាលចេញអនុក្រឹត្យអភិរក្សការពារពូជត្រីបបែលយក្ខទឹកសាបនេះ ខណៈអ្នកនេសាទតែងដាក់សន្ទូចបានជារឿយៗនៅខេត្តស្ទឹងត្រែង។
កន្លងមកនេះ ត្រីទឹកសាបដែលជាប់កំណត់ត្រាពិភពលោកមានទម្ងន់តែ ២៩៣គីឡូក្រាមប៉ុណ្ណោះដែលធ្លាប់ត្រូវគេចាប់បានក្នុងដែនទឹកនៃប្រទេសថៃ។
សូមបញ្ជាក់ថា ការប្រគល់ជូនវិញ្ញាបនបត្រត្រីបបែលទឹកសាបយក្ខរបស់កម្ពុជាដែលបំបែកកំណត់ត្រាពិភពលោក នេះគ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០២៣នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ៕
Post a Comment