ខ្មាន់កាំភ្លើងវ័យ១៤ឆ្នាំ បាញ់រះក្នុងផ្សារទំនើប Siam Paragon កណ្ដាលក្រុងបាងកក ស្លាប់ និងរងរបួស ៦នាក់ (មានវីដេអូ)

 ថៃ៖ ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​អាយុ ១៤ឆ្នាំ​ម្នាក់​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប Siam Paragon ក្នុង​ទីក្រុង​បាងកក នាល្ងាច​ថ្ងៃ​អង្គារ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។


សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និង មនុស្សយ៉ាងហោចណាស់ ៣នាក់ផ្សេងទៀតបានរងរបួស។ ចំពោះមូលហេតុនៃការបាញ់រះក្នុងផ្សារទំនើបនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយគិតត្រឹមល្ងាយថ្ងៃអង្គារ នេះ។

សារព័ត៌មាន Thai PBS បាន​ដក​ស្រង់​សម្តី​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ Erawan ថា មាន​អ្នក​របួស​រហូតដល់ទៅ ៧នាក់​។ មុននេះ មនុស្សរាប់រយនាក់ត្រូវបានគេមើលឃើញថា បានភៀសខ្លួនចេញពីផ្សារទំនើប Siam Paragon ដែលជាកន្លែងដើរទិញឥវ៉ាន់ដ៏ពេញនិយមមួយរបស់ប្រទេសថៃ ភ្លាមៗផ្សារ​ត្រូវ​បាន​បិទ​ជាបណ្ដោះអាសន្ន។

យោងតាមវីដេអូផ្សាយផ្ទាល់ពីកន្លែងកើតហេតុបានបង្ហាញពី សកម្មភាពមនុស្សជាច្រើនបានរត់ចេញពីផ្សារទំនើបនោះ ហើយនៅជុំវិញនោះមានរថយន្តសង្គ្រោះចាំជួយសង្រ្គោះជនរងគ្រោះ។

គួររំលឹកថា ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួប ១ឆ្នាំ នៃការចាក់សម្លាប់ និងបាញ់ប្រហារនៅសាលាមត្តេយ្យមួយកន្លែងក្នុងប្រទេសថៃ ដោយសម្លាប់កុមារ ២៤នាក់ និងមនុស្សពេញវ័យ ១២នាក់ កាលពីឆ្នាំ២០២២។

សូមជម្រាបថា នេះជាហេតុការណ៍បាញ់ប្រហារលើកដំបូង ចាប់តាំងពីនាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃឡើងកាន់តំណែងកាលពីខែសីហា៕



Powered by Blogger.