និស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ចុះស្វែងយល់ពីកិច្ចសហប្រតិបត្តិការរបស់ JICA ជប៉ុន ក្នុងវិស័យមីននៅកម្ពុជា

 ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិហៅកាត់ថា JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយះពេល២ថ្ងៃ នៅខេត្ត បាត់ដំបង 

ដោយបានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការរបស់ចៃកា និងដំណើរទស្សនកិច្ចសិក្សា ក្នុងវិស័យមីនរបស់ប្រទេសកម្ពុជា ដោយមានការចូលរួមពីនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឆ្នាំទី២ ទី៣ និងទី៤ មានដូចជា ផ្នែកអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រចិន ព័ត៌មានវិទ្យា និតិសាស្ត្រ កែច្នៃអាហារ វិទ្យាសាស្ត្រសត្វ គណនេយ្យ ធនាគារ និងចិត្តវិទ្យា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំណេះដឹងមូលដ្ឋានដល់និស្សិត អំពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេស​ជប៉ុន ក្នុងកិច្ចការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យមីនរបស់ប្រទេសកម្ពុជា។

សិស្សនិស្សិត បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថ្លែងអំណរគុណដល់ប្រទេសជប៉ុន និង JICA ដែលរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាដែលជួយបង្កើនការយ់ដឹងរបស់ពួកគេលើសកម្មភាព​បោស​សម្អាត​មីន និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិក JICA ក្រុមការងារជំនាញស៊ីម៉ាក់ ក្នុងដំណើរការនៃការដោះមីន ។

ក្នុងនោះដែរ ទស្សនកិច្ចសិក្សាបានជ្រើសរើសនិស្សិតចំនួន ២៥រូប ធ្វើដំណើរទៅភូមិចម្លងរមាំងលើ ឃុំអូរសមរិល ស្រុកសំឡូត ខេត្តបាត់ដំបងដែលមានចំងាយប្រមាណ ៧៥គីឡូពីទីរួមខេត្ត ដោយសារការឆ្លងកាត់សង្រ្គាមកំឡុងឆ្នាំ១៩៧០ ជាហេតុធ្វើឱ្យភូមិនេះមាននៅសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយបាយស្ទើរតែ​ពាសពេញភូមិ ក្រោមការដឹកនាំទស្សនកិច្ចសិក្សាដោយក្រុមការងារជំនាញរបស់ស៊ីម៉ាក់ និងការបង្ហាញបានឱ្យដឹងមាន ១៤៥ចំការមីន នៅក្នុងភូមិ ក្រោយការបោសសម្អាតមីនក្នុងឆ្នាំ២០០០ ដល់ ឆ្នាំ២០២២ ការបោសសម្អាតមីនបានចំនួន ១២៥ចំការមីន ហើយនៅមានចំការមីននៅសល់ចំនួន២០ទៀតដែលមានផ្ទៃដីសរុបចំនួន ១៦៥ ហិតា កំពុងអនុវត្តន៍ផែនការបន្តបោសសម្អាតឆ្នាំ២០២៣នេះ៕













Powered by Blogger.