មន្ទីរបញ្ចកោន៖ ចិនបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរក្នុងល្បឿនមួយដ៏លឿន ជាងការស្មានទុករបស់អាមេរិក
ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចប្រើប្រាស់បានភ្លាម ច្រើនជាង៥០០គ្រាប់ និងអាចមានច្រើនជាង១០០០គ្រាប់ នៅឆ្នាំ២០៣០។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីកងទ័ពចិន ដែលមន្ទីរបញ្ចកោនចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៩តុលា ២០២៣។ តាមរបាយការណ៍របស់មន្ទីរបញ្ចកោន ដោយដើរតាមមហិច្ឆតាយោធារបស់លោកប្រធានាធិបតីស៊ី ជីនពីង ចិនបានអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងល្បឿនមួយដ៏លឿន ជាងការគិត ប៉ាន់ស្មានទុករបស់អាមេរិក។
តាមការវាយតម្លៃរបស់អាមេរិក ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលមានសក្តានុពល អាចប្រើប្រាស់បានភ្លាម ច្រើនជាង ៥០០គ្រាប់ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ និងអាចច្រើនជាង ១ពាន់គ្រាប់នៅឆ្នាំ២០៣០។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិក ចិនបានអភិវឌ្ឍបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរក្នុងល្បឿនដ៏លឿន
ជាងការប៉ាន់ស្មានទុករបស់អាមេរិក។
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីខែ មិថុនាកន្លងទៅ វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាព Sipriនៅស្តុកខូមផ្ទាល់ទទួលស្គាល់ថា បើប្រៀបធៀបនឹងប្រទេសមហាអំណាចនុយក្លេអ៊ែរ ចិនបានបង្កើនចំនួនស្តុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ។ ជាក់ស្តែង ក្នុងរយៈពេលតែមួយ ឆ្នាំ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនបានកើនពី ៣៥០គ្រាប់ ទៅ ៤១០គ្រាប់។ ដោយផ្ទៀងផ្ទាត់ជាមួយតួលេខក្នុងរបាយការណ៍របស់វិទ្យាស្ថានSipri គេអាចនិយាយបានថា ចិនបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងតិច ៦០គ្រាប់ ក្នុងរយៈពេលតែ៦ខែដើមឆ្នាំនេះ។
នៅចុងឆ្នាំមុន មន្ទីរបញ្ចកោនធ្លាប់ព្យាករថា ចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចប្រើប្រាស់បានភ្លាមៗ ដល់ទៅជាង ១៥០០គ្រាប់ នៅឆ្នាំ ២០៣៥។ ប៉ុន្តែ ដោយមើលទៅមហិច្ឆតាពង្រីកដែនឥទ្ធិពលយោធារបស់ប្រធានាធិបតីចិន ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននឹងអាចកើនឡើងច្រើនជាង ការព្យាកររបស់អាមេរិក។
ក្រៅពីបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកបង្ហាញថា ចិនកំពុងព្យាយាមអភិវឌ្ឍសមត្ថភាពប្រព័ន្ធបាញ់បញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរដូចជាប្រព័ន្ធបាញ់ចេញពីលើដី ក្នុងអាកាស និងពីក្នុងទឹក។ កងទ័ពអាមេរិកជឿដែរថា នាពេលឆាប់ៗខាងមុខ ចិននឹងអាចបញ្ចប់ការសាងសង់ជើងទ្រ ជាង៣០០ ដែលមានសមត្ថភាពបាញ់មីស៊ីលអន្តរទ្វីប បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ។
តាមអាមេរិក ជាមួយនឹងការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចប្រើប្រាស់បានភ្លាមៗ ចិនក៏កំពុងក្លាយជាមហាអំណាចយោធាដែលមានកងទ័ពជើងទឹកច្រើនជាងបំផុតនៅក្នុងពិភពលោក។ អាមេរិកផ្ទាល់មិនលាក់លៀមការព្រួយបារម្ភរបស់ខ្លួននៅចំពោះមុខការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន ដែលអាមេរិកចាត់ទុកថា លើសពីចំនួនដែលចិនធ្លាប់អះអាងត្រូវការសម្រាប់ការពារខ្លួន។
ប៉ុន្តែ បើមើលទៅលើតួលេខស្តីពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងពិភពលោក ដែលវិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាព Sipriចេញផ្សាយកាលពីខែមិថុនា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅតែតិចជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងរុស្ស៊ី ដែលនាំមុខគេ បន្ទាប់មក គឺអាមេរិក។ តាមរបាយការណ៍របស់វិទ្យាស្ថានSipri ក្នុងទីក្រុងស្តុកខូម ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ក្នុងពិភពលោក ដូចជា អាមេរិក ចិន រុស្ស៊ី អង់គ្លេសបារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងចុងក្រោយកូរ៉េខាងជើងបូកសរុបចូលគ្នា មានប្រមាណ ១២៥១២គ្រាប់ គិតត្រឹមដើមឆ្នាំ ២០២៣។ នៅក្នុងស្តុករបស់ខ្លួន អាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៣៧០០គ្រាប់ ដែលនៅក្នុងនោះមាន ប្រមាណ ១៤៩០ជាក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្តដែលត្រូវបានគេដាក់ពង្រាយរួចហើយ ចំណែករុស្ស៊ី ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនចំនួន ១៥៥០ ពីក្នុងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរសរុប ប្រមាណ ៤៤៨៩គ្រាប់៕-rfr-
Post a Comment