នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ពាក្យថា «សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ពាក្យថា«សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក ព្រោះបើគ្មានសន្តិភាព កុំនិយាយឡើយពីការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បច្ចុប្បន្នប្រទេសមួយចំនួនកំពុងជួបប្រទះសង្រ្គាមនៅឡើយ ហើយផលលំបាកជាច្រើនបានកើតចេញពីសង្រ្គាមនេះ។

ការថ្លែងបែបនេះរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឧត្តមសេនីយ៍ឯក ហួត ឈាង ជាមេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣  នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

នាយឧត្ដមសេនីយ៍ បន្តថា សម្រាប់កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍ បានបញ្ចប់សង្គ្រាមនិងអភិវឌ្ឍប្រទេសពីបាទដៃទទេ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន  និងបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស។

ដោយសារសន្តិភាពបានមកដោយការលំបាក សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវពាក្យ «អរគុណសន្តិភាព» ដើម្បីរំលេចពីសារៈសំខាន់សម្រាប់មនុស្សជាតិគ្រប់រូប។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារសន្តិភាព ការពារសមិទ្ធផលដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ នៃសន្តិភាព។

ជាមួយនោះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងកម្ទេចរាល់អំពើក្បត់ជាតិ មនោគមន៍ជ្រុលនិយមដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការញុះញង់បង្កឱ្យមានចលាចលក្នុងសង្គម។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់ថ្នាក់ និងបណ្តាប្រភេទទ័ព ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងនិងប្រើប្រាស់អាវុធជាតិផ្ទុះឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាដល់កិច្ចការពារសន្តិសុខជាតិ។ ជាមួយនេះ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ការចរាចរ ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទដែលកំពុងមាននៅក្នុងប្រទេស៕




















Powered by Blogger.