ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ រៀបចំកម្មវិធីកុមាររីករាយផ្តោតលើការជំរុញលើកទឹកចិត្តកុមារក្រោមប្រធានបទ“រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” នៅសាលាបឋមសិក្សាព្រែកប្រាក្រោម

 កម្មវិធីកុមាររីករាយផ្តោតលើការជំរុញលើកទឹកចិត្តកុមារក្រោមប្រធានបទ“រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” នៅសាលាបឋមសិក្សាព្រែកប្រាក្រោម។ ជាកម្មវិធីដែល ផ្តូចផ្តើមដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ។

កម្មវិធីកុមាររីករាយ លើកទី១ នេះ មានការចូលរួមពី ព្រះគ្រូចៅអធិការវត្តព្រែកប្រា និង ពុទ្ធបរិស័ទចំណុះជើងវត្ត ពីគណៈអភិបាលខណ្ឌច្បារអំពៅ និង គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកប្រាក្រោម កុមារាកុមារី លោកគ្រូអ្នកគ្រូ អាណាព្យាបាលជាច្រើនរូប។ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា កម្មវិធីកុមាររីករាយ នេះត្រូវបានក្រុមការងាររៀបចំឡើងជាច្រើនឆ្នាំមកហើយសម្រាប់សិស្សសាលាបឋមសិក្សាទាំង៩ នៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺនិង សាលាបឋមសិក្សាទាំងបី នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 

ឯកឧត្តម បន្ថែមថា ការរៀបចំកម្មវិធីនេះឡើង គឺមានទិសដៅទី១ ចង់ឱ្យកុមារ ដែលគាត់កំពុងតែរៀននៅក្នុង ថ្នាក់បឋមសិក្សានេះ គាត់ទទួលបាននូវភាពសប្បាយរីករាយ ទី២ ចង់ធ្វើការបណ្តុះគំនិតដល់ពួកគាត់ ដែលជាគំនិតក្នុងការ ខិតខំប្រឹងប្រែងរៀនសូត្រ គំនិតនៅក្នុងការចេះសាមគ្គីភាពគ្នា ហើយក៏ដូចជាការរៀបចំខ្លួន ការអនាម័យខ្លួនប្រាណជាដើម។ 

ឯកឧត្តម លី ច័ន្ធតុលា មានប្រសាសន៍បន្ថែមថា ការចូលរួមលើកទឹកចិត្តដល់កុមារគ្រប់រូបឱ្យខិតខំប្រឹងរៀនសូត្រ ហើយមានទិសដៅច្បាស់លាស់ ដោយក្រុមការងារបានបង្ហាញជាគំរូថា ការរៀនសូត្រនិងទទួលបានការងារនិងជោគជ័យនៅក្នុងជីវិត។ 

លោកស្រី ហេង សុវត្ថា អភិបាលរងនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា បានបង្ហាញការសប្បាយរីករាយ នៅក្នុងការចូលរួមសហការ ក៏ដូចជាការជំរុញលើកទឹកចិត្តដល់សប្បុរសជន ពិសេស ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីជំរុញឱ្យ កុមារគ្រប់រូប ទទួលបាននូវការសប្បាយរីករាយគ្រប់គ្នា ពិសេស ការលើកទឹកចិត្តដល់ពួកគាត់ឱ្យបំនិន និងគោលដៅរបស់ខ្លួនច្បាស់លាស់ ។ លោកស្រីបន្ថែមថា នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ គឺវិស័យអប់រំបានដើរតួនាទីចម្បង ហើយកិច្ចការងារនេះ គឺត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ព្រះគ្រូពោធិមុនី ពេជ្រ សុធន ព្រះចៅអធិការវត្តព្រែកប្រាក្រោម មានសង្ឃដិការថា វត្តនិងសាលាគឺមានប្រាស្រ័យទាក់ទងគ្នាតាំងពីបុរាណកាលមក ដោយវត្តក៏បានដើរតួនាទីនៅក្នុងការជំរុញលើកទឹកចិត្តឱ្យកុមារខិតខំរៀនសូត្រ ។ ពាក់ព័ន្ធទៅនិងការ ការរៀបចំកម្មវិធីកុមាររីករាយនេះដែរ លោកស្រី គិត បូឡាវី នាយិកាសាលាបឋមសិក្សាព្រែកប្រាក្រោម បានគូសបញ្ជាក់ឱ្យដឹងថា វត្តមានកម្មវិធីកុមាររីករាយនេះ គឺបានធ្វើឱ្យកុមារទទួលបានការសប្បាយ ក៏ដូចជាទទួលបានការអប់រំ និងលើកទឹកចិត្តដល់កុមារគ្រប់រូបផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីកុមាររីករាយ រួមគ្នាដើម្បីការរីកចំរើនរបស់កុមារ ធ្វើនៅសាលាបឋមសិក្សាព្រែកប្រាក្រោម ធ្វើឡើងមួយព្រឹកពេញនេះបានបង្កើតកម្មវិធីសប្បាយរីករាយយ៉ាងច្រើនដល់កុមារក្នុងនោះមានកម្មវិធីមានការប្រកួតល្បែងកំសាន្តរវាងកុមារ ការផ្តល់រង្វាន់ជ័យលាភីដល់កុមារ ការផ្តល់ជូនវត្ថុអនុស្សាវរីយ៌ជូនលោកគ្រូអ្នកគ្រូ ការផ្តល់វត្ថុអនុស្សាវរីយ៌ជូនដល់កុមារទាំងអស់ និង ការផ្តល់ខោអាវពីសប្បុសជនជូនកុមារដែលគ្រួសារមានជីវភាពទន់ខ្សោយ និង បានជូនពាក្យ២ឃ្លាដល់កុមារទាំងអស់ គឺខ្ញុំមិនខ្ជិលដាច់ខាត និង ធ្វើអ្វីធ្វើអោយល្អបំផុត ដើម្បីទុកដាក់នៅតាមបន្ទប់រៀន៕










Powered by Blogger.