សមត្ថកិច្ច​ឃាត់​ខ្លួន​ តារាចម្រៀង ប៊ុត​ សីហា​ ពាក់ព័ន្ធ​គ្រឿង​ញៀន​

 កំពង់ស្ពឺ ៖ តារាចម្រៀង​ ប៊ុត​ សីហា​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​គង​ពិសី​បង្ក្រាប​ចាប់​ឃាត់​ខ្លួន​ រួម​ជា​មួយ​គ្រឿង​ញៀន​មួយ​ចំនួន​ ។

ការ​ឃាត់​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ភូមិ​ត្រាំ​ខ្នា​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ។

ជន​សង្ស័យ​មាន ២ នាក់ ៖ ទី​១​ ឈ្មោះ​ ប៊ុត​ សីហា​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ ជា​តារា​ចម្រៀង​ រស់​នៅ​ភូមិ​ព្រះម្លប់​ ឃុំ​ភារី​មាន​ជ័យ​ ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ​។ ទី២​ ឈ្មោះ​ ឆន​ វល្លិន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​ត្រាំខ្នា​ ឃុំស្នំក្រពើ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ។ ក្នុង​ប្រតិបត្តិការ​ខាង​លើ​ សមត្ថកិច្ច​ដក​ហូត​បាន​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​សភាព​ការ​ក្នុង​មូល​ដ្ឋាន​ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​២​នាក់​ រួម​ជាមួយ​វត្ថុតាង​ រួច​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ ។

យ៉ាងណាមិញ នេះជាលើកទី២ ហើយដែលតារាចម្រៀង ប៊ុត សីហា ត្រូវ​បាន​មត្ថកិច្ច​ឃាត់​ខ្លួន​រឿង​គ្រឿង​ញៀន​ ដែលលើកទី ១ នោះនៅឆ្នាំ ២០១៨ លោកត្រូវ​បាន​ឃាត់​ខ្លួន​នៅ​មុខ​សាលា​បឋមសិក្សា​ពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែល​ពេល​នោះ​រូប​លោក​ទៅ​ទិញ​គ្រឿង​ញៀន​ដើម្បី​ជក់​ ប៉ុន្តែត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ ចូល​ខ្លួន​មក​ធានា​យក​ទៅ​ធ្វើ​ការ​អប់រំ​ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។ ករណីនេះបានធ្វើឱ្យ ប៊ុត សីហា ស្អុយ​ឈ្មោះ​ក្នុង​ចង្កោម​សិល្បៈ​ និងសាបរលាបឈ្មោះជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ក្រោយ​លោក​លើក​ពាន​បាន​ ៣​ ឆ្នាំ​៕

Powered by Blogger.