ហ្កាហ្សា៖ ធ្លាក់គ្រាប់ចំមន្ទីរពេទ្យបណ្តាលឲ្យស្លាប់ច្រើនរយនាក់ អ៊ីស្រាអែលនិងប៉ាឡេស្ទីនចោទដាក់គ្នា
កាលពីល្ងាចថ្ងៃអង្គារ ទី១៧តុលា គ្រាប់ផ្ទុះមួយបានធ្លាក់ចំមន្ទីរពេទ្យ Ahli Arab ដែលស្ថិតទីក្រុងហ្កាហ្សាស៊ីធី បណ្តាលឲ្យស្លាប់មនុស្សជាច្រើនរយនាក់។ ផ្អែកតាមអាជ្ញាធរសុខាភិបាលប្រចាំតំបន់ហ្កាហ្សា យ៉ាងហោចណាស់មានមនុស្សស្លាប់ ចន្លោះពី២០០ ទៅ៣០០នាក់ និងបាត់ខ្លួនច្រើនរយនាក់ ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកជំងឺ អ្នករបួស និងក្រុមគ្រួសារដែលបានរត់ភៀសខ្លួនទៅជ្រកនៅក្នុងមន្ទីរពេទ្យនេះ។ ដោយឡែក ក្រុមហាម៉ាសប៉ាឡេស្ទីន បានអះអាងថាយ៉ាងហោចណាស់ មានមនុស្សស្លាប់៥០០នាក់ នៅក្នុងហេតុការណ៍នេះ និងបានចោទថាជាសា្នដៃរបស់កងទ័ពអ៊ីស្រាអែល។
ប្រតិកម្មបានធ្លាក់មកជាបន្តបន្ទាប់ ពីបណ្តាប្រទេសនានា ដោយគេបានថ្កោលទោស ការវាយប្រហារទៅលើមន្ទីរពេទ្យនេះ ថាជាអំពើអមនុស្សធម៌បំផុត។ លោកម៉ាក្រុង ក៏ដូចជាលោកស្រីអួរស៊ូឡា វុនដឹឡេយេន បានបង្ហោះសារថា "ទោះក្នុងហេតុផលណាក៏ដោយ គឺគេមិនអាចវាយប្រហារទៅលើមន្ទីរពេទ្យបានជាដាច់ខាត"។ ចំណែកលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថាលោកមានក្តីរន្ធត់តក់ស្លុតជាពន់ពេក នៅចំពោះមុខអំពើដ៏ព្រៃផ្សៃនេះ។ លោកបានអំពាវនាវ ឲ្យភាគីទាំងសងខាង ឈប់ប្រយុទ្ធដើម្បីការពារអាយុជីវិតជនស្លូតត្រង់។ កាកបាតក្រហមប៉ាឡេស្ទីន បានហៅអំពើនេះ ថាជាឧក្រិដ្ឋកម្មសង្គ្រាម។
តែយ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអ៊ែល បានអះអាងថា គេមិនមែនជាអ្នកបាញ់គ្រាប់មីស៊ីល ទៅលើមន្ទីរពេទ្យនេះទេ។ កងទ័ពអ៊ីស្រាអែលបានចោទថា គឺជាស្នាដៃរបស់ក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមភេរវកម្មមួយក្រុមទៀតនៅតំបន់ហ្កាហ្សា ដែលជាអ្នកបានបាញ់គ្រាប់រ៉ូកែតខុសបច្ចេកទេស ហើយបានផ្ទុះធ្លាក់ចំមន្ទីរពេទ្យនេះ។ ភាគីអ៊ីស្រាអែល បានអះអាងទៀតថា គេនឹងបង្ហាញភស្តុតាងមកបញ្ជាក់។ ក្រុមជីហាតអ៊ីស្លាមនៅហ្កាហ្សា បានប្រតិកម្មភ្លាមៗទៅនឹងពាក្យចោទនេះ ដោយបានអះអាងថា គឺជាពាក្យកុហករបស់អ៊ីស្រាអែល ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។
គួរកត់សំគាល់ថា ក្រោយដំណឹងអំពីករណីផ្ទុះគ្រាប់នៅមន្ទីរពេទ្យ Ahli Arab នៅហ្កាហ្សានេះ ភ្លើងកំហឹងបានឆាបឆេះ នៅតាមនៅតាមបណ្តាប្រទេសកាន់សាសនាអ៊ីស្លាមជាច្រើន ដោយប្រជាជនបានចុះផ្លូវធ្វើបាតុកម្ម ថ្កោលទោសទៅលើអ៊ីស្រាអែល។ នៅរ៉ាម៉ាឡា តំបន់ស៊ីហ្សកដានីវិញ ប្រជាជនប៉ាឡេស្ទីន បានធ្វើបាតុកម្មហិង្សា និងបានស្រែកទាមទារឲ្យលោក ម៉ាសមូដ អាបាស ចុះចេញពីតំណែងជាប្រធានអាជ្ញាធរប៉ាឡេស្ទីន។
សូមបញ្ជាក់ដែរថា ស្ថានការណ៍ដ៏ចលាចលនេះ គឺវាចំពេលដែលលោកប្រធានាធិបតី ចូ បៃដិន ត្រូវធ្វើដំណើរទៅដល់អ៊ីស្រាអែល ដើម្បីរកវិធីទប់បញ្ហានេះ កុំឲ្យឆាបឆេះជាភ្លើងសង្គ្រាមនៅក្នុងតំបន់ដើមបូព៌ាទាំងមូល។ តាមការគ្រោងទុក ក្រៅពីជួបថ្នាក់ដឹកនាំអ៊ីស្រាអែល លោកចូ បៃដិន ត្រូវធ្វើដំណើរទៅចូលរួមជំនួបកំពូលមួយ នៅហ្សកដានី ជាមួយប្រធានាធិបតីអេហ្ស៊ីប និងលោកម៉ាសមូដ អាបាស។ តែភាគីហ្សកដានី ដែលជាអ្នករៀបចំជំនួបនេះ បានប្រកាសលប់ចោលកម្មវិធីវិញ ក្រោយពេលលោកចូ បៃដិនឡើងយន្តហោះចេញពីវ៉ាស៊ីនតោន។ ផ្អែកតាមការវិភាគ តាមរយៈការដំណើរទៅអ៊ីស្រាអែលនេះ លោកចូ បៃដិន ស្ថិតនៅក្នុងកាលៈទេសៈមួយដ៏លំបាក ព្រោះត្រូវប្រុងប្រយ័ត្ន មិនឲ្យគេមើលមកឃើញថាអាមេរិកកាន់ជើងអ៊ីស្រាអែល។ តែទន្ទឹមគ្នានេះ លោកចូ បៃដិន ត្រូវតែរកវិធីនិយាយជាមួយអ៊ីស្រាអែលឲ្យបន្ធូរដៃ ដើម្បីការពារអាយុជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន។
ដោយឡែក ស្ថានការណ៍នៅច្រក Rafah ភាគខាងត្បូងហ្កាហ្សាឯនោះវិញ គឺនៅតែអាសន្នខ្លាំងដដែល ដោយជនភៀសខ្លួនជាច្រើនម៉ឺននាក់ កំពុងតែកកកុញ គ្មានទីជម្រក គ្មានស្បៀងអាហារ។ គិតត្រឹមព្រឹកថ្ងៃពុធទី១៨តុលា ច្រកនេះ នៅតែបិទដដែលទេ ខណៈរថយន្តដឹកស្បៀងនិងជំនួយមនុស្សធម៌ជាច្រើនគ្រឿង កំពុងរងចាំនៅខាងអេហ្ស៊ីប។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលអេហ្ស៊ីប បានអំពាវនាវឲ្យអ៊ីស្រាអែលត្រូវតែឈប់ទំលាក់គ្រាប់ទៅលើតំបន់ក្បែរច្រក Rafah ទើបគេអាចសម្រេចបើកច្រកនេះ ឲ្យក្បួនរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅតំបន់ហ្កាហ្សា៕-rfr
Post a Comment