ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ មុន សម័យ អាណានិគម បារាំង (ជំពូកទី១ វគ្គ២)បន្ត....

សរុបប្រមាណជា២០ លើក ហើយទ័ពដាយ-វៀត បរាជ័យស្ទើរតែរាល់លើក ។ ច្បាំងបាត់បង់កម្លាំងទ័ពកាន់តែច្រើនទៅៗ ការផ្គត់ផ្គង់ស្បៀងក៏លំបាកយ៉ាងខ្លាំង ដោយសារអ្នកស្រុកបះបោរប្រឆាំងគ្រប់ទិសទី ជាពិសេសពីខាងក្រោយ ទើបពួក ដាយ-វៀត បង្ខំចិត្តរត់ត្រលប់ទៅកម្ពុជាក្រោម វិញនៅចុងឆ្នាំ១៧៧៦ ។

នៅពេលកងទ័ពដាយ-វៀត ទន់លោងបែបនោះ ព្រះរាជាអង្គនន់ បានដឹកនាំទ័ពដេញតាមកាប់សម្លាប់រហូតដល់ផុតព្រំដែន ហើយថែមទាំងដណ្តើមបានខេត្តខ្មែរ មកវិញចំនួន ២  គឺខេត្ត វិញឡុង និង មី ថឺ ។ ព្រះរាជាអង្គនន់ ថែមទាំងបំផុសពួកអ្នកស្រុកដែលជាជនជាតិខ្មែរ  នៅកម្ពុជាក្រោមនោះ  ឱ្យនាំគ្នាកាប់សម្លាប់ពួកដាយ-វៀត ឱ្យអស់ពីទឹកដីទៀតផង ។

 ពេលនោះក៏ស្រាប់តែលេចមុខ ព្រះឧភយោរាជ   និង មហាឧបរាជ   ចេញមកហាមឃាត់ ។ឯកសារប្រវត្តិសាស្ត្រ មិនបានបញ្ជាក់ថា ហេតុអ្វីបានជា ព្រះឧភយោរាជនិង ព្រះឧបរាជធំ ហាមឃាត់អ្នកស្រុកខ្មែរ មិនឱ្យសម្លាប់ពួកជនជាតិដាយ-វៀតដែលជាសត្រូវដណ្តើមទឹកដីខ្មែរយ៉ាងមិនចេះស្កប់ស្កល់នោះឡើយ ។

ប៉ុន្តែបច្ចុប្បន្ន អ្នកប្រវត្តិសាស្ត្រខ្លះបកស្រាយថា រាជវង្សទាំង ២ អង្គនោះ « ទុកផ្លូវក្រោយ » សម្រាប់ខ្លួន គឺថាប្រសិនបើថ្ងៃណាមួយ ពួកគេ ត្រូវការ « ពឹង » ដាយ-វៀត ឱ្យជួយដណ្តើមអំណាចនៅស្រុកខ្មែរ នោះ ពួកគេអាចយកគុណបំណាច់នៅពេលនោះ ទៅបន្ទន់ចិត្តដាយ-វៀត ។  ការអះអាងនេះ ល្មមអាចជឿបាន ហើយនោះក៏ជាការត្រៀមដើរលើ ដានចាស់ ដែរ ។

ឯកសារខ្លះលើកឡើងថា ដោយសារព្រះអង្គនន់ ចង់កម្ចាត់នូវឥទ្ធិពល ដាយ-វៀត មកលើខ្មែរ ឆ្លៀតពេលមានការបះបោររបស់ពួក តៃ សឺន នោះ នៅពេល មហាឧបរាជ បដិសេធបែបនោះ បានន័យថា ការរៀបចំផែនការក្បត់ដណ្តើមរាជបល្ល័ង្ក គឺជាទង្វើរបស់ វិបុលរាជ ស៊ូ ទើបគាត់រៀបចំឧបាយកលទម្លាក់កំហុសដាក់ទៅលើមហាឧបរាជ ដើម្បី សម្លាប់បំបិទមាត់ ។

ហេតុនោះ វិបុលរាជ ស៊ូ បានចូលគាល់ទូលព្រះរាជាអង្គនន់ បង្កាច់បង្ខូចមហាឧបរាជថា ៖ មហាឧបរាជ បានរៀបចំផែនការក្បត់ដណ្តើមរាជបល្ល័ង្ក ហើយបានចាត់ទូលព្រះបង្គំ មកធ្វើគុតព្រះអង្គ ។

បងប្អូនប្រុស ៤ នាក់ របស់វិបុលរាជ ស៊ូ ដែលជាចៅហ្វាយខេត្ត ក៏សុទ្ធតែបាននិយាយថាមហាឧបរាជ បានរៀបចំផែនការក្បត់នឹងព្រះអង្គ ដែរ ទើបទ្រង់ជឿលើសម្តីរបស់អ្នកទាំងនោះ ។ បងប្អូនប្រុសទាំង ៤ នាក់ របស់វិបុលរាជ ស៊ូ នោះគឺ តេជោ ទែន ចៅហ្វាយខេត្តកំពង់ស្វាយ , ពាង ចៅហ្វាយខេត្តបារាយណ៍ , សូរ ចៅហ្វាយខេត្តព្រៃក្តី និង មូ ចៅហ្វាយខេត្តទ្រាំង ។

ព្រះរាជាអង្គនន់ បានប្រគល់ឱ្យវិបុលរាជ ស៊ូ ជាអ្នកធ្វើឃាតមហាឧបរាជ ដោយដាក់សញ្ញាគ្នាថានៅពេលទ្រង់ ( ព្រះរាជា ) ក្រសាលបាសកា (លេងអុក) ជាមួយមហាឧបរាជ ពេលណាទ្រង់ញាក់ព្រះនេត្រ ជាសញ្ញា ត្រូវតែវិបុលរាជ ស៊ូ សម្លាប់មហាឧបរាជ ។

បន្ទាប់មកព្រះរាជា ក៏បានបបួលមហាឧបរាជ ទៅក្រសាលបាស្កា នៅឯរានហាលដំណាក់ឧដុង្គ ។ ពេលនោះ វិបុលរាជ ស៊ូ បានត្រៀមអាវុធរួចជាស្រេច ក្នុងការផ្តាច់ព្រះជន្មរបស់មហាឧបរាជ ចាំមើលតែការញាក់ព្រះនេត្រជាសញ្ញា ពីព្រះរាជាអង្គនន់ ប៉ុណ្ណោះ ។ ប៉ុន្តែថ្ងៃនោះ ព្រះរាជា មិនបានញាក់ព្រះនេត្រជាសញ្ញាឡើយ ។ស្អែកឡើងព្រះរាជាអង្គនន់ បបួលមហាឧបរាជ មកក្រសាលបាស្កាទៀត

ហើយព្រះរាជា ក៏នៅតែមិនបានធ្វើជាសញ្ញាទៀត ។ វិបុលរាជ ស៊ូ ដ៏កំពុងស្រេឃ្លានព្រះជន្មរបស់មហាឧបរាជ អន្ទះសាយ៉ាងខ្លាំង ព្រោះគាត់គិតថាប្រសិនបើព្រះរាជា សួរនាំអំពីការរៀបចំផែនការក្បត់នេះ ឬមួយក៏ព្រះរាជា បានសួរនាំដឹងរឿងរ៉ាវនោះសព្វគ្រប់ហើយ ឬក៏យ៉ាងណានោះ កំហុសឧក្រិដ្ឋ ច្បាស់ជាធ្លាក់ស្រោចទៅលើខ្លួនគាត់។ វិបុលរាជ ស៊ូ បានចូលគាល់ញុះញង់ព្រះរាជា ម្តងទៀតថា មហាឧបរាជ បានរៀបចំអាវុធយុទ្ធភណ្ឌទុកជាស្រេចនៅក្នុងព្រះដំណាក់ ។ 

ហេតុនេះ ត្រូវចាត់ការឱ្យរហ័ស ពុំនោះទេនឹងយឺតពេល ។ព្រះរាជាអង្គនន់ មានក្តីបារម្ភជាខ្លាំង ហើយថាទ្រង់នឹងធ្វើជាសញ្ញា នៅពេលក្រសាលបាស្កា ល្ងាចនេះ ។ ប៉ុន្តែនៅពេលក្រសាលបាស្កា ទ្រង់ក៏នៅតែមិនធ្វើអ្វីជាសញ្ញាដដែល ព្រោះទ្រង់ក៏ខ្លាចចាញ់កល វិបុលរាជ ស៊ូ ដែរ ដោយសារ

ទ្រង់សម្គាល់ឃើញថា មហាឧបរាជ ហាក់ដូចជាគ្មានអ្វីគួរឱ្យសង្ស័យសោះ ។ជាអកុសល ទ្រង់បានគ្រវាសព្រះនេត្រ ទតទៅចំវិបុលរាជ ស៊ូ តែបន្តិច វិបុលរាជ ស៊ូ ក៏ដកកាំបិតស្នៀត ស្ទុះទៅចាក់ចំចង្កេះមហាឧបរាជ បណ្តាលឱ្យ មហាឧបរាជ ស្រែកយ៉ាងខ្លាំង ដោយការឈឺចាប់ ហើយដួលទៅអោបព្រះបាទ   (ជើង ) ព្រះរាជា ។ ព្រះរាជា ដោយក្តីរន្ធត់ពេក ក៏ស្ទុះទៅបីត្រកងព្រះអនុជ ឡើង ទើបមហាឧបរាជ រៀបរាប់ទូលថ្វាយព្រះរាជា អំពីវិបុលរាជ ស៊ូ ទៅញុះញង់ព្រះអង្គ (មហាឧបរាជ) ប៉ុន្តែព្រះអង្គបានប្រកែក ហើយក៏មិនបានទូលថ្វាយឡើយ ព្រោះមិនចង់ឱ្យមានទំនាស់កាន់តែធំ ។

ព្រះរាជា ក៏បានបញ្ជាឱ្យគេចាប់ វិបុលរាជ ស៊ូ ប្រគល់ទៅឱ្យចៅក្រមដាក់ទោសតាមច្បាប់ នៅក្នុងខែធ្នូ ឆ្នាំ១៧៧៧ នោះ ។(នៅមានបន្តវគ្គ៣)និពន្ធដោយ លោក ខឿន សាឃាង  រក្សាសិទ្ធិ ដោយ អង្គភាព ស៊ីអេចអ ធីវីអនឡាញ

Powered by Blogger.