ព័ត៌មានជាតិកិច្ចប្រជុំប្រាក់ឈ្នួលកម្មករលើកទី ៤ ៖ តំណាងនយោជករក្សាតួលេខ ១ដុល្លារ, តំណាងកម្មកររក្សាតួលេខ ១៥ដុល្លារ

 ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបន្តកិច្ចប្រជុំរបស់ខ្លួនលើកទី ៤ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។




កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីភាគីតំណាងកម្មករ-និយោជិត និងតំណាងភាគីនយោជក ផងដែរ។

បន្ទាប់ពីជិតម៉ោង ៤រួចមក លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺមានការប្រជុំដោយឡែកៗ ជាលក្ខណៈផ្ទៃក្នុងសម្រាប់ភាគីនីមួយៗ។ ជាលទ្ធផលភាគីតំណាងនយោជក និងភាគីតំណាងកម្មករ-និយោជិត នៅតែរក្សាគោលជំហររៀងៗខ្លួន ដោយតំណាងនយោជកនៅតែរក្សាតួលេខ ១ដុល្លារ រីឯតំណាងកម្មករនៅតែរក្សាតួលេខ ១៥ដុល្លារ ទៅលើប្រាក់ឈ្នួលកម្មករ ២០០ដុល្លារ ក្នុងឆ្នាំ ២០២៣នេះ។

លោករដ្ឋមន្ត្រី បានឲ្យដឹងបែបនេះថា «ជាលទ្ធផលយើងឃើញថា ភាគីនីមួយៗនៅតែរក្សាជំហររបស់ខ្លួនរៀងៗខ្លួន ភាគីនយោជកនៅរក្សាគោលជំហរបន្ថែម ១ដុល្លារ សម្រាប់ប្រាក់ឈ្នួលឆ្នាំ ២០២៤ (២០១ដុល្លារ) ភាគីតំណាងកម្មករ-និយោជិត ក៏នៅរក្សាគោលជំហរដដែល គឺសុំថែម ១៥ (២១៥ដុល្លារ)»។

លោក ហេង សួរ​ បានបញ្ជាក់ដែរថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានចំណុចមួយដែលភាគីទាំងអស់​ បានឯកភាពគ្នា គឺកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំ ២០២៤ នឹងលឿនជាងកាលកំណត់ ពោលគឺនឹងអាចបញ្ចប់នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំលើកទី ៣ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ តំណាងភាគីកម្មករ-និយោជិត បានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារ និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារ៕

Powered by Blogger.