កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចំនួន១៤៥គីឡូក្រាម ឃាត់ខ្លួនជនបរទេស៥នាក់ នៅខណ្ឌជ្រោយចង្វារ



កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយរឹបអូសវត្ថុតាងគ្រឿងញៀនបាន ចំនួន១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាជនបរទេស ចំនួន៥នាក់។


ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វារ។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។


លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឧក្រិដ្ឋជនទាំង៥នាក់ដែលសមត្ថកិច្ចបង្ក្រាបបាននេះ ម្នាក់ជាជនជាតិជប៉ុន និង៤នាក់ទៀត ជាជនជាតិចិនតៃវ៉ាន់។


លោកបានគូសបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់ មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។


លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។


បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ ៖១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ជនជាតិតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុន១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រួមមាន៖


ទី១៖ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ

ទី២៖ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ

ទី៣៖ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ

ទី៤៖ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ។


កម្លាំងជំនាញបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ខាងលើចំនួន ៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ៖ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៤២ដុំ ស្មើនឹង១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣, ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន ២០០កញ្ចប់។


សរុបលទ្ធផលប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិជប៉ុន១នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់ ១៤៥គីឡូក្រាម។


លោកបានឲ្យដឹងទៀតថា ក្រោយបញ្ចប់ការសួរនាំ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀន នៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕











Powered by Blogger.