ឯកឧត្តម ទឹម សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានីភ្នំពេញ

 



រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទឹម សាវឿន ទីប្រឹក្សា សម្ដេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមការងារទាំង ១៤ខណ្ឌ ព្រមទាំងផ្នែកផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមយ៉ាងកុះករ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់លើលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗដែលក្រុមការងារសម្រេចបាននាពេលកន្លងមក ព្រមទាំងបើកឱកាសឱ្យតំណាងក្រុមការងារតាមបណ្តាខណ្ឌនីមួយៗ និងផ្នែកព័ត៌មាន បានរាយការណ៍អំពីវឌ្ឍនភាព បញ្ហាប្រឈម និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដើម្បីរួមគ្នារកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។

ក្នុងឱកាសនោះ ឯកឧត្តម ទឹម សាវឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារទាំង ១៤ខណ្ឌ និងក្រុមការងារផ្នែកផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងពង្រឹងចលនាកសាងសមាជិកគណបក្សនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ដើម្បីឆ្លើយតបទៅនឹងទិសដៅការងារសម្រាប់ខែវិច្ឆិកាខាងមុខ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ និងណែនាំចង្អុលបង្ហាញនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖

១.ចុះជួបដើម្បីស្វែងរកការសហការគាំទ្រសកម្មភាព ពីថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន  ដើម្បើតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជំរុញចលនាកសាងសមាជិកគណបក្សថ្មី ឱ្យកាន់តែមានបរិមាណ និងគុណភាព។

២. ពង្រឹងកិច្ចសហការ និងសាមគ្គីភាព៖ ជំរុញកិច្ចសហការ និងការសម្របសម្រួលការងារឱ្យកាន់តែមានភាពរលូន រវាងក្រុមការងារថ្នាក់រាជធានី ក្រុមការងារតាមបណ្តាខណ្ឌ និងអាជ្ញាធរមូលដ្ឋាន។

៣. បង្កើន ប្រសិទ្ធភាព នៃកិច្ចការព័ត៌មាន និងបណ្តាញសង្គម៖ ជំរុញឱ្យផ្នែកផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម បន្តផលិត និងចែកចាយព័ត៌មានពិត លឿនរហ័ស គ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងលើកកម្ពស់រូបភាពវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារជូនដល់សាធារណជន។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយក្រុមការងារទាំងអស់បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកអនុសាសន៍ណែនាំរបស់ ឯកឧត្តមប្រធាន ទៅអនុវត្តឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀតនាខែបន្ទាប់៕ ដោយសមាគមទ្រទ្រង់មតិសន្តិភាព












Powered by Blogger.